សិស្សបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាមិនមានការថយចុះ
បច្ចុប្បន្នការបោះបង់ការសិក្សារបស់សិស្សភាគច្រើនគឺនៅកំរិតវិទ្យាល័យពិសេសនៅតាមបណ្តាទីជនបទដែលពួកគេត្រូវចេញទៅធ្វើការងារតាមរោងចក្រកាត់ដេរ និងចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដើម្បីដោះស្រាយជីវភាពរស់នៅក្នុងក្រុមគ្រួសារ។ អត្រានៃការបោះបង់ការសិក្សានៅតែបន្តកើតមាន បើទោះបីជារាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជននិងកីឡាមានការផ្សព្វផ្សាយជំរុញកុំអោយមានការបោះបង់ការសិក្សាយ៉ាងណាក៏ដោយ។
អ្នកស្រី វណ្ណ រ៉ន រស់នៅក្នុងឃុំផ្តៅជុំ ស្រុកជីងព្រៃ ខេត្តកំពង់ចាម បានមានប្រសាសន៍ថា នៅក្នុងមូលដ្ឋាននាពេលបច្ចុប្បនេះ អ្នកស្រីសង្កេតឃើញថា បញ្ហាបោះបង់ការសិក្សានេះគឺដោយសារឱពុកម្តាយមានជីវភាពក្រីក្រលំបាកមិនអាចអោយកូនសិក្សាទៅទៀតបាន។ អ្នកស្រីថា យុវជនដែលបោះការសិក្សាទាំងនោះភាគច្រើនទៅធ្វើការរោងច្រក និងចំណាកស្រុកដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។
ចំណែកលោក ស្រ៊ុន ម៉ានី មានវ័យ៥០ឆ្នាំ បានលើកឡើងដែរថា លោកមានកូនចំនួន៥នាក់ ដោយសារតែជីវភាពគ្រួសារជួបការលំបាកទើបសម្រេចចិត្តអោយកូនទាំងអស់បោះបង់ចោលការសិក្សានៅកណ្តាលទី ហើយបច្ចុប្បន្ននេះ កូនរបស់លោកបានទៅធ្វើការនៅរោងចក្រកាត់ដេរនៅភ្នំពេញ និងខ្លះទៀតបានធ្វើការរោងចក្រកំពង់ចាម។
លោក ខាវដាយ រស់នៅក្នុងភូមិឃុំជាមួយប្រជាពលរដ្ឋខាងលើដែរនោះ បានលើកឡើងថា ទោះបីការបោះបង់ការសិក្សាជាជម្រើសរបស់មនុស្សម្នាក់ៗ និងលទ្ធភាពគ្រួសាររបស់គេក៏ពិតមែន តែប្រសិនបើអាជ្ញាធរនៅតែអោយអត្រាបោះបង់ការសិក្សានៅតែកើត មានកាន់តែច្រើនបន្ថែមទៀត នោះធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍសង្គម។ លោកថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គួរតែបង្កើនការយកចិត្តទុកបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាផ្តល់លទ្ធភាព និងឱកាសអោយយុវជន ដែលរស់នៅក្រុងគ្រួសារមានជីវភាពក្រីក្រទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា។
ឆ្លើយតបនឹងបញ្ហានេះ ត្រូវបានលោក ហេង ចាន់ធី នាយកវិទ្យាល័យហ៊ុនសែនផ្តៅជុំ មានប្រសាសន៍ថា លោកទទួលស្គាល់ដោយសារតែកត្តាជីវភាពមានការខ្វះខាត និងកត្តាផ្សេងៗទៀត ទើបអាណាព្យាបាលសម្រេចចិត្តអោយកូនបញ្ចប់ការសិក្សានៅកណ្តាលទី។ លោកបន្តទៀតថា ដើម្បីទប់ស្កាត់ការបោះបង់ការសិក្សា សាលាតែងតែធ្វើការប្រជុំជាមួយលោកគ្រូអ្នកគ្រូដោយធ្វើបច្ចុប្បន្នភាព ស្រង់ស្ថិតិសិស្ស និងមានការផ្សព្វផ្សាយដល់អាណាព្យាបាលពីតម្លៃនៃការសិក្សា លើកទឹកចិត្តឱ្យសិស្សបន្តការសិក្សាទៀត។
នាពេលបច្ចុប្បន្ននេះអត្រាការបោះបង់ការសិក្សារបស់សិស្សបឋមសិក្សាមានការថយចុះ ប៉ុន្តែសម្រាប់សិស្សដែលបោះបង់សិក្សានៅថ្នាក់មធ្យមសិក្សា ឬវិទ្យាល័យវិញនោះ ឃើញថា នៅតែមានអត្រាខ្ពស់ជាងគេ ដោយសារថា ពួកគេបោះបង់ការសិក្សាដើម្បីទៅប្រកបរបរចិញ្ចឹមជីវិត ពិសេសការងាររោងចក្រតែម្តង។ នេះបើតាមការឱ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានៅក្នុងពិធីបើកមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧កន្លងមក៕
ផលិតដោយ៖ ធឹម សារ៉ន