តើកសិករ​​គួរ​​យល់​​ដឹង​​អ្វី​ខ្លះ​​ក្នុង​​ការ​ជ្រើស​រើស​​ពូជ​ស្រូវ​​ឲ្យ​ត្រូវ​​តាម​​ទី​ផ្សារ​​?​

1151

រដូវវស្សា​កាន់តែ​ជិត​​ឈាន​មក​ដល់​ហើយ កសិករ​បាន​ត្រៀម​ខ្លួន​ក្នុងការ​ធ្វើ​កសិកម្ម ជាពិសេស​ដំណាំ​ស្រូវ​។ ក្នុង​ខេត្ត​កំពង់ចាម​គេ​សង្កេត​ឃើញ​​ថា មាន​ការយកចិត្តទុកដាក់​ពី​មន្ទីរ​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ធ្វើ​ការផ្សព្វផ្សាយ និង​ចុះ​ធ្វើស្រែ​បង្ហាញ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​​​ការយល់ដឹង​ចំពោះ​ការជ្រើសរើ​សពូជស្រូវ​ដែល​បាន​ទិន្នផល​ច្រើន​និង​តំលៃ​ខ្ពស់​ស្របទៅនឹង​ទីផ្សារ​អន្តរជាតិ​។ ទោះបី​យ៉ាងណា​ក្តី​ គេ​ឃើញថា​ នៅ​ឆ្នាំ​២០១៧​នេះ​ មាន​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​ការលក់​ចេញ​ផលិតផល​ស្រូវ​នៅលើ​ទីផ្សារ​កាន់តែ​មាន​ការប្រកួត​ប្រជែង ពិសេស​ការនាំ​អង្ករ​​ចេញ​ទៅ​បរទេស ដោយសារ​កត្តា​ជាច្រើន ក្នុងនេះ​ការ​ជ្រើស​រើ​ស​ពូជស្រូវ​ក៏​ជា​ដើមចម​យ៉ាងសំខាន់​។

​លោក នន នឿន មាន​អាយុ​៥៦​ឆ្នាំ ជា​កសិករ​ម្នាក់​រស់នៅ​ស្រុក​ជើងព្រៃ​ដែរ មានប្រសាសន៍ថា ពូជស្រូវ​ដែល​ខាង​កសិកម្ម​បាន​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​នោះ​គឺ​ល្អ ហើយក៏​មាន​ប្រជាពលរដ្ឋ​ច្រើន​ហើយ​ដែល​ងាក​មក​ប្រើ​ពូជស្រូវ​ថ្មី​នេះ ហើយ​ចំពោះ​តម្លៃ​ហាក់ដូច​ជា​​ល្អប្រសើ​ជាង​មុន​ដែរ​។​

​ចំណែក​លោក ជិន ពៅ មាន​វ័យ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ថ្មី​ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម មានប្រសាសន៍ថា ប៉ុន្មាន​ឆ្នាំ​នេះ​មាន​ខាង​​កសិ​កម្ម​​ចុះ​​មក​​ផ្សព្វផ្សាយ​ឲ្យ​កសិករ​ជ្រើសរើស​ពូជ​ថ្មី​ដែរ ប៉ុន្តែ​កសិករ​មួយចំនួន ព្រម​ទាំង​រូប​លោក នៅ​មិនទាន់​បាន​ប្រើ​ទេ ព្រោះ​ទម្លាប់​ធ្វើ​ពូជ​ចាស់​នេះ​យូ​រ​ហើយ​។

​អ្នកស្រី សុខ ខុន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​រាយប៉ាយ​ ឃុំ​រាយប៉ាយ ​ស្រុក​កងមាស ចូលរួម​ជា​យោបល់​ថា កន្លង​ទៅ​ធ្លាប់​លឺ​ខាង​កសិ​កម្ម​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​ឲ្យ​កសិករ​ជ្រើសរើស​ពូជស្រូវ​ដែល​ល្អ ហើយ​អ្នកស្រី​ក៏​បាន​ត្រៀម​រួច​ហើយ​ដែរ​។ អ្នកស្រី​បន្ត​ថា បើទោះបីជា​កសិ​ករ​​​ប្រើ​ពូជ​ស្រូវ​​ល្អ​​ហើយ ប៉ុន្តែ​បើ​អាជ្ញាធរ​មិន​ប្រឹងប្រែង​រក​ទីផ្សារ​បន្ថែម​ទេ ផល់​ស្រូវ​ដែល​ទទួលបាន​មិន​រួច​នឹង​ការចំណាយ​ទៅ​លើ​ដើម​​ទន់​​នោះ​ទេ​។​

​ជា​កសិករ​គំរូ​ម្នាក់​រស់នៅ​ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ លោក ម៉ោញ ​សារ៉ុម មាន​វ័យ​ជាង​៦០​ឆ្នាំ​ ​ជា​សមាជិក​សហគមន៍​អ្នក​ផលិត​ស្រូវ​​ក្នុង​ស្រុក​ជើ​ង​ព្រៃ មានប្រសាសន៍ថា ក្រោយពី​លោក​បាន​ទទួល​ការបណ្តុះបណ្តាល​ពី​មន្ទីរ​កសិកម្ម​ឲ្យ​ជ្រើសរើ​សពូជ​ដែល​ក្រសួង​​​ប្រកាស​ឲ្យធ្វើ​មក គ្រួសារ​លោក​មាន​ជីវភា​ពធូរធារ​​ជាង​មុន ព្រោះ​ពូជស្រូវ​នេះ​មាន​ទិន្នផល​ខ្ពស់ និង​មាន​តម្លៃ​ខ្ពស់​។​

​លោក ប៊ិញ វុត្ថា ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ មានប្រសាសន៍ថា នៅ​ឆ្នាំ​២០១៧​នេះ​មន្ទីរ​មាន​សកម្មភាព​ពីរ គឺ​​ចុះ​ផ្សព្វផ្សាយពី​​បច្ចេកទេស​នៃ​ការដាំដុះ​ដាំ​ណាំ​ស្រូវ ក្នុងនោះ​ក៏​បាន​ផ្សព្វផ្សាយ​ទៅ​លើ​ពូជ​ទាំង​១០​មុខ​ដែល​រដ្ឋា​ភិបាល​​បាន​ដាក់​សម្រាប់​នាំ​អង្ករ​​ចេញទៅ​ក្រៅប្រទេស ពិសេស​ពូជស្រូវ​ក្រអូប ​ផ្ការំដួល ដែល​មាន​គុណភាព​ល្អ និង​មាន​តម្រូវ​ការ​​ទីផ្សា​រ​លើ​ពិភពលោក​។ ចំណែកសកម្មភាព​របស់​គម្រោង ដែល​មាន​តំណាង​ក្រុម​កសិករ​ក្នុង​ឃុំ​នីមួយៗ​ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​​​បង្ហាញ​ពូជ​ទាំង​១០​មុខ ហើយ​ក៏​បង្ហាញ​អំពី​ទីតាំង​ដែល​កសិករ​រក​ទិញ​ពូជ​បាន​សម្រាប់​យក​ទៅ​ធ្វើ និង​ស្រប​តាម​ទីផ្សារ​។ លោក​បន្ត​​ថា ជា​លទ្ធផល​គឺ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​គួរឲ្យកត់សំគាល់​។​


​ទោះជា​យ៉ាងណា​ក៏​នៅតែ​មាន​ប្រជាកសិករ​ភាគច្រើន​មិនទាន់​បាន​ស្គាល់​ពូជស្រូវ​ទាំង​១០​មុខ​នោះ​នៅឡើយ ទើប​ពួកគាត់​ចង់ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​បន្ថែម​ពី​មន្ត្រី​ជំនាញ​ក្នុង​ការផ្សព្វផ្សាយ​ឲ្យ​កសិករ​ត្រៀមខ្លួន​ជ្រើសរើស​ពូជស្រូវ​ឲ្យ​សមស្រប​ទៅនឹង​តម្រូវ​ការ​​ទី​ផ្សារ​ ហើយ​រក​ទី​ផ្សារ​ស្រូវ​ជូន​កសិករ​ដែល​ផលិត​បាន​ផង​ដែរ​៕

​សង្ខេបដោយ​៖ អឿន ស្រួ​

 

 

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf